គ្រោះក្លាយជាលាភ!!ពេលនេះលោកយន្ត មីនបានពាក់ផ្កាយ៤និងមានតំណែងជារដ្ឋលេខាធិការ

0
26

រាធានីភ្នំពេញ៖ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានបំពាក់ឋានន្តរស័ក្តិថ្នាក់នាយកឧត្តមសេនីយ៍ (ផ្កាយ៤) និងប្រកាសចូលកាន់តំណែង ជារដ្ឋលេខាធិការក្រសួងការពារជាតិ ជូនដល់លោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។នៅក្នុងពិធីរៀបចំឡើងក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តអនុវត្តន៍ការងារ សម្រាប់ឆមាសទី២ ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់   ក៏បានបំពាក់ឋានន្តរស័ក្តិ ថ្នាក់នាយកឧត្តមសេនីយ៍ (ផ្កាយ៤) និងប្រកាសចូលកាន់តំណែង ជូននាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ជារដ្ឋលេខាធិការក្រសួងការពារជាតិផងដែរ។

គួររំលឹកថា នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា រដ្ឋលេខាធិការក្រសួងការពារជាតិ កាលពីដើមខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ។ ជាមួយគ្នានេះ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ លោក យន្ត មីន ក៏ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យមួយដែរ ដោយដំឡើងឋានន្តរស័ក្តិ ជានាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ។

ការដំឡើងឋានន្តរស័ក្តិ និងតែងតាំង លោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីលោក យន្ត មីន បានសុំលាលែងពីតំណែង អភិបាលខេត្តព្រះសីហនុ បន្ទាប់ពីមានករណីរលំបាក់អគារកម្ពស់ ៧ជាន់ គ្មានច្បាប់អនុញ្ញាតមួយ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ ករណីនេះ បណ្តាលឱ្យមានមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់ ដែលក្រុមអ្នករុករក និងសង្រ្គោះបានប្រើប្រាស់រយៈពេល ២ថ្ងៃកន្លះ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here