S-500ទំនើបអស់ទាស់!!!អាចចាប់សញ្ញានិងបាញ់កម្ទេចគោលដៅ​រហូត​​ដល់​ចំនួន១០ក្នុងពេលតែមួយ

0
213

អន្តរជាតិ៖ S-5០០ជាមីស៊ីល​ការពារដ៏ទំនើបបំផុតរបស់រុស្ស៊ីហើយពេលនេះបន្តអភិវឌ្ឍន៍កាន់តែទំនើបជាមុនទៅទៀត ជួយឲ្យមីស៊ីលនេះគ្មានគូប្រៀប នៅលើពិភពលោក​។

នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតសព្វាវុធដ៏ធំមួយរបស់រុស្ស៊ី Rostec លោក Sergei Chemezov បានបង្ហើបឲ្យដឹងថា៖ រុស្ស៊ីបានចាប់ផ្តើមការផលិតប្រព័ន្ធមីស៊ីលការពារដែនអាកាសជំនាន់ថ្មីបំផុត S-500 ហើយ។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩។

កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Chemezov បានប្រកាសដូច្នេះថា «ពួកយើងចាប់ផ្តើមការផលិតប្រព័ន្ធមីស៊ីល S-500 ហើយ ដែលវានឹងមានលក្ខណៈកាន់តែទំនើបហើយមានអានុភាពខ្លាំងថែមទៀត បើធៀបជាមួយប្រព័ន្ធ S-400»។ លោក Chemezov បានបញ្ជាក់ថា ប្រព័ន្ធសព្វាវុធថ្មីនេះ នឹងត្រូវប្រគល់ឲ្យយោធារុស្ស៊ី ក្រោយការធ្វើតេស្តចប់រួចរាល់។ កន្លងទៅឧបនាយករដ្ឋមន្រ្តី​រុស្ស៊ី លោក យូរី បូរីសូវ (Yuri Borisov) ក៏ធ្លាប់បាននិយាយដែរថា ប្រព័ន្ធ S-500 នឹងត្រូវដាក់ដំណើរការក្នុងជួរយោធារុស្ស៊ី ក្នុង​ពេលប៉ុន្មានឆ្នាំខាងមុខ។

គួរជម្រាបថា បើតាមផ្លូវការព័ត៌មានលម្អិតនៃប្រព័ន្ធមីស៊ីលនេះ នៅតែជារឿងសម្ងាត់នៅឡើយទេ ប៉ុន្តែយោងតាមសេចក្តីរាយ​ការណ៍ព័ត៌មានវិញ ប្រព័ន្ធ S-500 មានសមត្ថភាពវាយប្រហារគោលដៅ រួមមានមីស៊ីលផ្លោងជាដើម ដែលស្ថិតនៅ​ចម្ងាយ​​៦០០គីឡូម៉ែត្រពីវាបាន ហើយប្រព័ន្ធនេះត្រូវគេជឿជាក់ថា អាចចាប់សញ្ញានិងបាញ់កម្ទេចគោលដៅ​រហូត​​ដល់​ចំនួន១០ ក្នុងពេលតែមួយ ខណៈមុខសញ្ញាទាំងនោះហោះក្នុងល្បឿន០៧គីឡូម៉ែត្រក្នុងមួយវិនាទី ដែលលឿនជាងល្បឿនសំឡេងដល់ទៅ២០ដងក៏​ដោយ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here