បញ្ហាជាច្រើនមិនត្រូវបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំ​G-20ធ្វើអោយក្តីបារម្ភនៅតែបន្តកើនមាន

0
12

អន្តរជាតិ៖ នៅមានបញ្ហាជាច្រើនមិនត្រូវបានបណ្តាប្រទេសសេដ្ឋកិច្ចរីកចំរើនទាំង​២០យកមកពិភាគ្សា នោះឡើយ ។ទាំងនោះបង្ហាញឲ្យឃើញថា​ក្តីបារម្ភពីហានិភ័យ សេដ្ឋកិច្ច សន្តិសុខ បម្រែបម្រួលអាកាសធាតុ នៅលើពិភពលោកបន្តកើនមានដដែល​។ជំនួបកំពូលក្រុមប្រទេស G20 ក៏គឺជាឱកាស ឲ្យប្រទេសនីមួយៗ បានជួបគ្នាជាលក្ខណៈទ្វេភាគី ដើម្បីចរចាគ្នាពីបញ្ហាផ្សេងៗដែរ។ ក្នុងនោះអ្វីដែលគេបានតានដានបំផុត គឺជំនួបរវាងលោក ដូណាល់ ត្រាំ និងលោកស៊ី ជីនពីង។ សង្រ្គាមពាណិជ្ជកម្ម រវាងចិន និងអាមេរិក គឺជាការព្រួយបារម្ភធំ របស់ប្រទេសទាំងអស់​ព្រោះ នរណាក៏អាចទទួលផលអាក្រក់​ដោយសារបញ្ហានេះដែរ។ តែជាសំណាងល្អ លោក ដូណាល់ ត្រាំ និង លោកស៊ី ជីនពីង បានសន្យានឹងគ្នា ថានឹងបើកការចរចា ដើម្បីដោះស្រាយវិវាទនេះ ឲ្យបានឆាប់បំផុត។

ដូចយើងដឹងហើយ ថាការចរចារវាងភាគីទាំងពីរ​ បានបិទចោលដោយគ្មានលទ្ធផល តាំងតែពីខែឧសភាម្លេះ។ ជាងនេះទៀត លោក ដូណាល់ ត្រាំ ធ្លាប់បានគំរាម ថានឹងដំឡើងពន្ធបន្ថែមទៀត លើទំនិញនាំចូលពីចិន ក្នុងតម្លៃប្រមាណ ៥០ម៉ឺនលានដុល្លារ។ ប៉ុន្តែឆ្លងកាត់ការជួបគ្នា នៅក្នុងអូសាកា លោកដូណាល់ ត្រាំ បានប្រាប់ទៅលោកស៊ី ជីនពីង ថា​លោកនឹងផ្អាកទណ្ឌកម្មនេះសិន ដើម្បីបើកផ្លូវបន្តការចរចា។ ដូច្នេះ នេះជាដំណឹងល្អមួយដែរ សម្រាប់ពេលនេះ។

ជាការពិត នៅក្នុងឱកាសជំនួបកំពូលG20 នេះ គឺមាន​ជំនួបតូចៗផ្សេងទៀត ដែលភាគីទាំងអស់បានធ្វើឡើង ជាលក្ខណៈឯកជនទ្វេរភាគី ឬច្រើនភាគី។ ជាក់ស្តែង សហភាពអឺរ៉ុប ជាមួយនឹងប្រទេស​តំបន់អាមេរិកឡាទីន ប្រេស៊ីល អាហ្សង់ទីន ប៉ារ៉ាហ្កាយ និងអ៊ុយរ៉ាហ្កាយ បានចុះហត្ថលេខារួមគ្នា លើការសន្យា ថានឹងចរចាគ្នា ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ។ បន្ថែមពីនេះ សហភាពអឺរ៉ុប និងអូស្ត្រាលី ក៏បានសន្យានឹងធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាដែរ។

សរុបជារួម ជំនួបកំពូល ក្រុមប្រទេសG20 លើកនេះ បានរឿងសំណុំរឿងច្រើន ទាំងសំណុំរឿងសហប្រតិបត្តិការគ្នា ទាំងសំណុំរឿងវិវាទដែលត្រូវដោះស្រាយគ្នា។ តែបើយើងសង្កេតមើលទៅ ក្នុងក្របខណ្ឌ G20 ម្តង ដូចជាមានតែរឿងមិនស្របគ្នា ចរចាគ្នាមិនត្រូវ មើលមុខគ្នាមិនត្រង់ ច្រើនជាងរឿងសហការចាប់ដៃគ្នា ដើម្បីដោះស្រាយបញ្ហានានា ដើម្បី​ជាគុណប្រយោជន៍ ដល់មនុស្សជាតិទាំងមូល។

នៅក្នុងសេចក្តីប្រកាសរួមចុងក្រោយ បន្ទាប់ពីចរចាគ្នា យ៉ាងតឹងសសៃ ក ២ថ្ងៃនេះ ប្រទេសទាំង២០ បានប្រកាសរួមគ្នា ដោយបានលើកឡើង អំពីការព្រួយបារម្ភ ដោយសង្កេតឃើញនូវភាពតានតឹងផ្នែកពាណិជ្ជកម្ម ដែលកាន់តែកើនឡើងខ្លាំង ព្រមជាមួយនឹងការកើនកំដៅ នៃបញ្ហាភូមិសាស្ត្រនយោបាយ។

បើវិភាគទៅ ឃ្លាថាព្រួយបារម្ភ ដោយសង្កេតឃើញភាពតានតឹងផ្នែកពាណិជ្ជកម្មនេះ មានខ្លឹមសារស្រាល និងទូទាយ ជាងឃ្លា ដែលជំនួបកំពូលG20 កាលពីឆ្នាំ២០១៧ និង ២០១៨បានកំណត់។ ក៏ប៉ុន្តែដោយហេតុថា ន័យធ្ង​ន់ពេក សហរដ្ឋអាមេរិក ដឹកនាំដោយលោកដូណាល់ ត្រាំ មិនបានចុះហត្ថលេខា ទទួលទេ កាលពីពីរលើកមុន។

ពីមុន G20 បានប្រើឃ្លាថា ៖ សូមថ្កោលទោសចំពោះការរីកខ្លាំងឡើងនូវទ្រឹស្តីការពារនិយម ដែលជាហានិភ័យដល់សេដ្ឋកិច្ចទីផ្សារសេរី របស់សកលលោក។ ឃ្លានេះ គឺសំដៅដោយចំពោះ ទៅនឹងទ្រឹស្តីសេដ្ឋកិច្ចអត្មានិយម បិទទ្វារជិត របស់លោកដូណាល់ ត្រាំ ដែលបានបង្កើតសង្រ្គាមពាណិជ្ជកម្ម​ បង្កអស្ថិរភាព​ដល់ទីផ្សារ។ ហេតុដូច្នេះហើយ បានជាលោកដូណាល់ ត្រាំ មិនបានចុះហត្ថលេខា។ តែលើកនេះ គេបាន​ បន្ថយមួយកំរិតមកវិញ ដោយគ្រាន់តែបានសរសេរថា ប្រទេសG20 មានការព្រួយបារម្ភ ដោយសង្កេតឃើញថា មានភាពតានតឹងផ្នែកពាណិជ្ជកម្ម​។

ក្រៅពីនេះ សេចក្តីប្រកាសរួម ក៏បានលើកទឹកចិត្ត ជំរុញឲ្យធនាគារកណ្តាលទាំងអស់ ចូលរួមឲ្យបានច្រើន ផ្តល់ការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ហើយត្រូវសហការផ្តល់ដំណឹង ជួយគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះដែរ G20 បានប្រកាសប្តេជ្ញាចិត្ត ថានឹងធ្វើកំណែទម្រង់ ដល់អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីឆ្លើយតប ទៅនឹងស្ថានភាពជាក់ស្តែង នៃបញ្ហាពាណិជ្ជកម្ម​សកល។

ពាក់ព័ន្ធនិងបញ្ហាអាកាសធាតុលោក ម៉ាក្រុង ប្រធានាធិបតីបារាំង បានមានៈ​ បញ្ចុះបញ្ចូលប្រទេសទាំង​១៩​ផ្សេង​ទៀត ឲ្យធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការអនុវត្ត និងការពារកិច្ចព្រមព្រម​ទីក្រុងប៉ារីស ស្តីពីអាកាសធាតុ។ក្នុងន័យនេះ គឺលោកម៉ាក្រុង ចង់ឲ្យប្រទេសដែលមានសេដ្ឋកិច្ចនាំមុខទាំង២០ ហើយក៏គឺជាប្រទេស ដែលបញ្ចេញឧស្ម័នពុល បំផ្លាញ​បរិស្ថានច្រើនជាងគេបង្អស់នោះ ត្រូវប្តេជ្ញាចិត្ដដាក់ចុះនូវគោលនយោបាយ កំណែទម្រង់ ធ្វើយើងណា ងាកមកថែរក្សាបរិស្ថាន កាត់បន្ថយការបញ្ចេញឧស្ម័នពុល ដែលជាប្រភពនៃការកើនឡើង កំដៅផែនដី។

នៅទីបំផុតទៅ មានប្រទេស១៩ ដែលបាន​ចុះហត្ថលេខា នៅក្នុងឱកាសជំនួបកំពូល G20​​នៅអូសាកានេះ។ ប្រទេសមួយ ដែលមិន​ចូលរួមនោះ គឺនរណាក៏ដឹងដែរ គឺសហរដ្ឋអាមេរិក ព្រោះថា លោកដូណាល់ ត្រាំ បានដកខ្លួនចេញ ពីកិច្ចព្រមព្រៀងស្តីពីអាកាសធាតុបាត់ទៅហើយ។ មិនត្រឹមប៉ុណ្ណោះទេ ក្នុងអំឡុងពេលប្រជុំនេះ លោក​ដូណាល់ ត្រាំ បានទាំងដើរអូសទាញ បញ្ចុះបញ្ចូលប្រទេសផ្សេង កុំឲ្យចុះហត្ថលេខា​ប្តេជ្ញា​ចិត្ត ទាក់ទិននឹងបញ្ហាបរិស្ថាន អាកាសធាតុនេះទៀតផង។

ជាក់ស្តែង មានការព្រួយបារម្ភ ថាអាចប្រទេសមួយចំនួន ដូចជាប្រេស៊ីល ចិន ឥណ្ឌូណេស៊ីជាដើម ដែលអាចរាថយ មិនចុះហត្ថលេខាលើការប្តេជ្ញាចិត្តរួម ស្តីពីបញ្ហាអាកាសធាតុនេះ ដោយហេតុថាចាញ់សម្លុត ឬជឿតាមការអូសទាញរបស់អាមេរិក។ តែទីបំផុតទៅ គឺមានតែអាមេរិកម្នាក់ទេ ដែលមិនចុះហត្ថលេខា៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here