ថាមែនៗ!!! ក្រោយការរិះគន់ខ្លាំង ទីបំផុតនាយឧត្ដមសេនីយ៍ នេត សាវឿន បញ្ជាឲ្យបញ្ជូនសំណុំរឿងនគរបាលស័ក្ដិ៣ លួច iPad ទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់

0
153

រាជធានីភ្នំពេញ៖ ដោយសារការរិះគន់ និងប្រតិកម្មជាបន្ដបន្ទាប់នៅលើបណ្ដាញសង្គម Facebook នៅពេលនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ លួច iPad គេទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់ហើយ។នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានអោយដឹងថា «ករណីនេះខ្ញុំបានបញ្ជាឲ្យសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ នៅនាយកដ្ឋានការពារព្រំដែនទឹក ទៅកាន់តុលាការដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់នៅថ្ងៃនេះ»។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ មានឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅនាយកដ្ឋានការពារព្រំដែនទឹក និងត្រូវជាកូនប្រុសប្រធាននាយកដ្ឋានទៀតផង ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌ បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យា និងមានអ្នកធានា។

មន្រ្តីនគរបាលរូបនេះ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់។

ករណីមន្រ្តីនគរបាលពាក់ស័ក្តិ៣ម្នាក់ បានលួចយក iPad នៅក្នុងហាងវីងមួយកន្លែង នៅខណ្ឌទួលគោកនោះ នៅតែក្លាយជាប្រធានបទក្តៅគគុក សម្រាប់អ្នកលេងសង្គម Facebook និងគ្រប់មជ្ឈដ្ឋានតែម្តង ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here