អាសូរណាស់!ជិះម៉ូតូឌុបគ្នាពីស្រុកកំណើតមកធ្វើការរោងចក្រនៅភ្នំពេញត្រូវរថយន្តក្រឡុកស៊ីម៉ងស៍បុកនិងកិនស្លាប់

0
80

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានរថយន្តកិនបែកក្បាលស្លាប់យ៉ាងអាណោចអធម័នៅហ្នឹងកន្លែង និងម្នាក់ទៀតរងរបួសស្រាល ដោយសារតែត្រូវរថយន្តធុនធំ ក្រឡុកស៊ីម៉ងស៍បុកនិងកិន កាលពីវេលាម៉ោង១០.៣០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅតាមផ្លូវហាណូយ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។សពមានឈ្មោះ ស៊ុ សាវ៉េត ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ចំណែក ជនរងគ្រោះម្នាក់ទៀតរបួសស្រាល ឈ្មោះរឿន វិល័យ ភេទស្រី អាយុ២១ឆ្នាំ មុខរបរ កម្មការនីរោងចក្រដូចគ្នា ទាំងពីរនាក់ស្នាក់នៅជាមួយគ្នា ក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ និងមានស្រុកកំណើត ភូមិទួលរកា ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពីពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំ 1H-6576 ។ ដោយឡែករថយន្តបង្កម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2349 ជារថយន្តក្រឡុងស៊ីម៉ងស៍ របស់ក្រុមហ៊ុន ដ្រេហ្គន ស៊ីធី មានអ្នកបើកបរឈ្មោះ អិន ឆេងហ័ន ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នា ធ្វើដំណើរចេញពីស្រុកកំណើតខេត្តកំពង់ឆ្នាំ មកបន្ទប់ជួលនៅសង្កាត់ចោមចៅដើម្បីចូលធ្វើការ ដោយធ្វើដំណើរតាមផ្លូវហាណូយ ក្នុងទឹសដៅពីជើងទៅត្បូង ។ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវរថយន្តបង្ក ដែលបើកពីត្បូងទៅជើងក្នុងទឹសដៅបញ្ច្រាសគ្នា ហើយបត់ឆ្លងផ្លូវ មកបុកម៉ូតូទាំងកំរោល ថែមទាំងកិនស្ត្រីរងគ្រោះម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ចំណែកសពប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត និងម៉ូតូ រួមជាមួយអ្នកបើកបររថយន្តផង សមត្ថកិច្ចនាំយកទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here