លោក ហ៊ុន ម៉ាណែតបានរៀបចំអាហារសាមគ្គីថ្លែងអំណរគុណក្រុមការងារអាហារូបករណ៍សម្ដេចតេជោ-សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត

0
15

រាជធានីភ្នំពេញ៖ ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលហៅកាត់ថា អ.ម.ត លោក ហ៊ុន ម៉ាណែត បានជួបជុំក្រុមការងារគ្រប់គ្រងនិស្សិតតាមបណ្ដាសាកលវិទ្យាល័យ គ្រឹះស្ថានឧត្តមសិក្សា និងនៅតាមបណ្ដាខេត្តទាំង១៨ក្រុម កាលពីល្ងាចថ្ងៃសុក្រទី១០ ខែឧសភា ឆ្នាំ២០១៩។គោលបំណងនៃការជួបនេះ គឺដើម្បីថ្លែងអំណរគុណចំពោះក្រុមការងារដែលបានយកចិត្តទុកដាក់ យកអស់កម្លាំងកាយចិត្ត ពេលវេលា ធនធានដើម្បីជួយប្អូនៗនិស្សិតរបស់យើងនៅតាមសាលា និងអរគុណដល់ប្អូនៗនិស្សិតទាំងអស់ដែលបានខិតខំចំណាយពេលវេលាខិតខំរៀនសូត្រដើម្បីអនាគតរបស់ខ្លួន។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះសាកលវិទ្យាធិការ និងនាយកគ្រឹះស្ថានឧត្តមសិក្សាដែលបានឧបត្ថម្ភគាំទ្រអាហារូបករណ៍ដល់គណៈកម្មការសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលហៅកាត់ថា អ.ម.ត ដើម្បីចែកជូនដល់កូនចៅប្រជាពលរដ្ឋរហូតពួកគេបានបញ្ចប់ការសិក្សា និងកសាងអនាគតរបស់ពួកគេ។ សូមថ្លែងអំណរគុណចំពោះអាជ្ញាធរ ដែលបានចូលរួមក្នុងការជួយរៀបចំកម្មវិធីអាហារូបករណ៍មួយពេលកន្លងមក និងសូមថ្លែងអំណរគុណចំពោះសប្បុរជនដែលបានជួយឧបត្ថម្ភជាថវិកាដើម្បីរៀបចំកម្មវិធីអាហារូបករណ៍និងសម្រាប់ផ្ដល់ឱកាសឱ្យប្អូនៗនិស្សិតធ្វើសកម្មភាពមនុស្សធម៌ និងសកម្មសង្គមផ្សេងៗ។

លោក ហ៊ុន ម៉ាណែត បានថ្លែថា ជាមោទនភាពសម្រាប់យើងទាំងអស់គ្នាដែលបានឃើញប្អូនៗនិស្សិតទទួលបានជោគជ័យ ដែលជាការបំពេញគោលបំណងដ៏សំខាន់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលចង់ឃើញប្អូនចប់ពីសាលាហើយ ចេញទៅជោគជ័យនៅក្នុងជីវិត។ មោទនភាពនេះ នឹងបន្តរីក តាមលទ្ធភាព និងសមត្ថភាពរបស់ប្អូនៗនិស្សិត ដែលកិច្ចការនេះបានដើរតួយ៉ាងសំខាន់នៅក្នុងប្រទេសជាតិ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here